ខេត្តកណ្ដាល៖ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឱ្យឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ដឹកនាំប្រតិភូសាខា និងអនុសាខាក្រុងតាខ្មៅ ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅឧបត្ថម្ភជូនដល់ក្រុមគ្រួសារជនរងគ្រោះលង់ទឹកស្លាប់ចំនួន ១នាក់ ស្ថិតនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះឯកឧត្តម ហាក់ សុខមករា បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា ពិសេសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងចូលរួមសំដែងនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព។
ឯកឧត្តមបានបញ្ជាក់ថា អំណោយដែលសាខា និងអនុសាខាក្រុង បាននាំយកមកឧបត្ថម្ភជូនបងប្អូននាឱកាសនេះ គឺពុំបានប្រកាន់នូវពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ជាមួយគ្នានេះឯកឧត្តមក៏បានសម្តែងនូវការចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំក្រៃលែងជាមួយក្រុមគ្រួសារជនរងគ្រោះ និងសូមបួងសួងដល់គុណព្រះរតនត្រៃទាំងបី ជួយឱ្យដួងវិញ្ញាណក្ខន្ធនៃជនរងគ្រោះបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល ក៏បានក្រើនរំលឹក ដល់ឪពុកម្តាយ អាណាព្យាបាល ទាំងអស់ត្រូវប្រុងប្រយ័ត្ន និងណែនាំចំពោះកូនចៅ ក្នុងរដូវទឹកឡើង កុំអោយចុះលេងទឹក ស្រះ ត្រពាំង ប្រឡាយណាមួយឡើយ ដែលបង្កឲ្យមានគ្រោះថ្នាក់ផងដែរ សូមបញ្ជាក់ផងដែរថា ករណីលង់ទឹកនេះ បានកើតឡើងកាលពី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១៩:៤៨នាទី។
អំណោយមនុស្សធម៌ដែលប្រតិភូសាខា បានឧបត្ថម្ភជូនដល់គ្រួសាររងគ្រោះ រួមមាន៖ អង្ករ ៥០គីឡូក្រាម មី២កេស ទឹកត្រី ២យួរ ទឹកស៊ីអុីវ ២យួរ ទឹកសុទ្ធ ២កេស ត្រីខ ២យួរ ទឹកក្រូច ២កេស និងថវិកាចំនួន ១ លានរៀល។ ជាមួយគ្នានេះអនុសាខាក្រុងតាខ្មៅ និងក្រុមកាកបាទក្រហមសង្កាត់កំពង់សំណាញ់ ឧបត្តម្ភអង្ករ ១០០គីឡូក្រាម ,ទឹកសុទ្ធ ៦កេស ទឹកស៊ីអុីវ ២យួរ ,ទឹកត្រី ២យួរ មី ៣កេស ,សម្ភារផ្ទះបាយ ១ឈុត ទឹកផ្លែឈើ ៣កេស សាដក៤ សម្ភារជាច្រើនទៀត និងថវិកាចំនួន ២លានរៀល៕






