រតនគិរី ៖ កាលពីរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ ពលរដ្ឋបានលើកគ្នាទៅដុតកម្ទេច ទីស្នាក់ការរងស្រែជ្រៃ នៃដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី។
យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ ចំនួន៣រូប និងអ្នកល្បាតស្ម័គ្រចិត្ត១រូប បានចុះល្បាត នៅចំណុចព្រៃមាស ស្ថិតនៅភូមិថ្មី(ស្រែជ្រៃ) ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ក៏ឃើញពលរដ្ឋប្រមាណ៨០នាក់ សម្រុកចូលជីករ៉ែមាស ក្នុងនោះ ក្រុមការងារ ក៏បានអប់រំណែនាំឱ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ។ លុះរសៀលថ្ងៃដដែល មានសេចក្តីរាយការណ៍ថា មានប្រជាពលរដ្ឋជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ក៏ដួលម៉ូតូស្លាប់.ពលរដ្ឋដែលស្លាប់នោះ រស់នៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ ពលរដ្ឋលើកឡើងថា ពលរដ្ឋដែលស្លាប់នោះ ដោយសារមន្ត្រីឧទ្យានុរក្សដេញចាប់ និងមានផ្ទុះអាវុធ ទេីបបង្កឱ្យដួលម៉ូតូ.! ។ មន្ត្រីឧទ្យានុរក្ស បានច្រានចោលការលើកឡើងរបស់ប្រជាពលរដ្ឋ ហើយបញ្ជាក់ថា ពួកគាត់មិនបានដេញ ចាប់ និងផ្ទុះអាវុធនោះឡេីយ ដោយគ្រាន់តែអប់រំណែនាំ ឱ្យត្រឡប់ទៅផ្ទះវិញតែប៉ុណ្ណោះ។
ផ្តើមចេញពីរឿងពលរដ្ឋម្នាក់ស្លាប់ នៅវេលាម៉ោង៤រសៀល ពលរដ្ឋនៅភូមិរយ៉ បានលេីកគ្នាជាច្រេីននាក់ ទៅវាយកម្ទេច និងដុតទីស្នាក់ការ ៕






