ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អមដំណើរដោយមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុងតាខ្មៅ បានអញ្ជើញចុះពិនិត្យស្ថានភាពបច្ចេកទេស និងប្រតិបត្តិការនៅតាមស្ថានីយបូមទឹកក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីធានាប្រសិទ្ធភាពនៃការរំដោះទឹកជំនន់ទឹកភ្លៀង។ ក្នុងសកម្មភាពចុះពិនិត្យនាឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានពិនិត្យយ៉ាងលម្អិតលើសមត្ថភាពម៉ាស៊ីនបូមទឹក ក្នុងការត្រៀមលក្ខណៈឆ្លើយតបចំពោះស្ថានភាពអាកាសធាតុ។
គួរបញ្ជាក់ផងដែរថា អាជ្ញាធរខេត្តកណ្ដាល ក្រោមការដឹកនាំរបស់ ឯកឧត្ដម គួច ចំរើន តែងតែយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយបានដាក់ចេញនូវវិធានការឆ្លើយតបបន្ទាន់ជាច្រើន ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងមូលដ្ឋាន ជាពិសេសការកែលម្អសោភ័ណភាព និងហេដ្ឋារចនាសម្ព័ន្ធរំដោះទឹកក្នុងក្រុងតាខ្មៅឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។







