កម្មករ កម្មការិនីក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងការបូបធ្វើដំណើរ បានសម្តែងការអរគុណ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមាជូនពួកគាត់រហូតដល់១៩៤ដុល្លារក្នុងមួយខែ ទោះបីជាប្រទេសស្ថិតក្នុង បរិបទនៃជំងឺកូវីដ-១៩ក៏ដោយ ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពបងប្អូនឱ្យកាន់តែល្អប្រសើរឡើង។


អ្នកស្រី ភី សុជាតា ជាកម្មការិនីរោងចក្រក្នុងខេត្តស្វាយរៀង បានប្រាប់ឱ្យដឹងថា អ្នកស្រីពិតជាមានអារម្មណ៍សប្បាយរីករាយ ព្រមទាំង អរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់គិតគូរដល់ប្រជាពលរដ្ឋក្នុងវិស័យផ្សេងៗ ជាពិសេសវិស័យវាយនភណ្ឌ ក្នុងការទទួលបានប្រាក់ខែសមរម្យ ដើម្បីសម្រួលដល់ជីវភាពគ្រួសារ ។ អ្នកស្រីបានបន្តថា ការដំឡើងប្រាក់ខែនេះ ពិតជាបានរួមចំណែក ក្នុងការលើកកម្ពស់សុខុមាលភាពរបស់កម្មករ កម្មការិនី ក្នុងវិស័យកាត់ដេរ ឱ្យកាន់តែមានភាពប្រសើរឡើង ។ ក្នុងឱកាសនេះ អ្នកស្រីបាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល ដែលបានដំឡើងប្រាក់ខែនេះ ខណៈដែលប្រទេសរបស់យើងកំពុងតែជួបនូវ វិបត្តិកូវីដ-១៩។
នាងខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងមែនទែន ដែលក្នុងឆ្នាំ ២០២២ រដ្ឋាភិបាលដំឡើងប្រាក់ខែឈ្នួលចំនួន២ ដុល្លារ ដោយសារក្នុងស្ថានភាពបច្ចុប្បន្ននេះពួកយើងដឹងទាំងអស់គ្នាហើយថា ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ នេះ ប៉ុន្តែរដ្ឋាភិបាល នៅតែព្យាយាមយកចិត្តទុកដាក់ណាស់ ហើយក៏ជួយដល់ប្រទេសកម្ពុជាយើងគ្រប់បែបយ៉ាងទាំងអស់ ទាំងការរកថ្នាំសង្កូវ ទាំងការជួយ ទប់ស្កាត់ជំងឺកូវីដ-១៩ ផងដែរ តែយ៉ាងណារដ្ឋាភិបាលក៏នៅតែព្យាយាមជួយដល់កម្មករ ពាក់ព័ន្ធនឹងការដំឡើងប្រាក់ខែ ទោះក្នុងស្ថានភាព លំបាកយ៉ាងណាក៏ដោយ នាងខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងមែនទែន ហើយក៏សូមអរគុណដល់រាជរដ្ឋាភិបាលផងដែរ។
ចំណែកឯលោក នី ភក្រ្តា ក៍បានឱ្យដឹងដែរថា លោកពិតជាសប្បាយរីករាយនិងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័ន ដែលពាក់ព័ន្ធ ដែលតែងតែគិតគូរដំឡើងប្រាក់ឈ្នួលដល់ពួកគាត់ សម្រាប់ជួយដល់សេដ្ឋកិច្ចគ្រួសាររបស់គាត់ក្នុងបរិបទកូវីដ-១៩នេះ។ លោកបានបន្តថា ចំពោះការដំឡើងប្រាក់ខែនេះដែរ លោកគិតថា ទោះបីជាឡើងបានបន្តិចបន្តួចក៏ពិតមែន តែលោកពិតជាមានអារម្មណ៍ សប្បាយចិត្ត។
ខ្ញុំបាទមានអារម្មណ៍សោមនស្សរីករាយណាស់ ដោយនៅក្នុងឆ្នាំ២០២២ ក្រសួងក៏ដូចជារដ្ឋាភិបាលបានដំឡើងប្រាក់ខែ ឱ្យខាងកម្មករយើងខ្ញុំ ដោយឡែកមួយទៀតគឺយើងដឹងហើយថា ប្រទេសកម្ពុជាយើងកំពុងតែជួបប្រទះនូវជម្ងឺកូវីដ-១៩ ចឹងហើយ ក្នុងនាមខ្ញុំជាកម្មកររោងចក្រម្នាក់គឺមានចិត្តសប្បាយខ្លាំងមែនទែន ដោយរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក៏ដូចជាដំឡើងប្រាក់ខែ ទោះបីជាបន្តិចបន្តួចតែសម្រាប់ពួកខ្ញុំ គឺសប្បាយរីករាយពេញចិត្តនឹងធ្វើការ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដំឡើងប្រាក់ឈ្នួល ដល់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន២ដុល្លារថែមទៀត សម្រាប់ឆ្នាំ២០២២ ដែលធ្វើឱ្យប្រាក់ឈ្នួលទាបបំផុត ឡើងដល់ ១៩៤ដុល្លារដើម្បីជួយសម្រាលបន្ទុកជីវភាពរបស់កម្មករនិយោជិត ៕





