ខេត្តកណ្តាល៖ ក្នុងគោលបំណងធានាដល់ការគ្រប់គ្រង ការថែរក្សាដីសាធារណៈរបស់រដ្ឋឱ្យបានល្អសម្រាប់បម្រើប្រយោជន៍សាធារណៈ ព្រមទាំងដើម្បីទប់ស្កាត់សកម្មភាពរំលោភកាន់កាប់ដោយខុសច្បាប់លើដីសាធារណៈរបស់រដ្ឋ កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានដឹកនាំក្រុមការងារចម្រុះ រួមមាន៖ មន្ទីរជំនាញពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច អាជ្ញាធរស្រុកស្អាង និងមន្ត្រីជំនាញ ចុះត្រួតពិនិត្យជាក់ស្តែងករណីសំណង់ផ្ទះថ្មចំនួន ២ទីតាំង ដែលកំពុងតែសាងសង់រំលោភលើដីសាធារណៈរបស់រដ្ឋ (ដីចំណីទន្លេ) ដែលទីតាំងទី១ស្ថិតនៅភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ទីតាំងទី២ ស្ថិតនៅភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង។
ក្នុងការចុះពិនិត្យនេះ ឯកឧត្តម ហាក់ សុខមករា បានធ្វើការណែនាំដល់ម្ចាស់សំណង់ ក្រុមជាង និងអ្នកពាក់ព័ន្ធទាំងអស់ ឱ្យបញ្ឈប់ការសាងសង់ជាបន្ទាន់ ចាប់ពីពេលនេះតទៅ។ ឯកឧត្តមបានគូសបញ្ជាក់ថា ករណីបន្តសាងសង់ដោយមិនគោរពតាមការណែនាំរបស់អាជ្ញាធរ នឹងត្រូវប្រឈមចំពោះវិធានការច្បាប់យ៉ាងតឹងរ៉ឹង ដោយអាជ្ញាធរនឹងចាត់វិធានការដកហូតសម្ភារៈសំណង់ និងអនុវត្តនីតិវិធីផ្សេងៗតាមច្បាប់ជាធរមាន ដោយមិនមានការលើកលែងឡើយ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលរងខេត្ត ក៏បានណែនាំដាច់ខាតនូវការស្នាក់នៅ ឬប្រើប្រាស់ទីតាំងសំណង់ទាំងនោះ ក្នុងអំឡុងពេលដែលការដ្ឋានកំពុងត្រូវបានផ្អាក ដើម្បីបង្ការហានិភ័យ និងគ្រោះថ្នាក់ជាយថាហេតុណាមួយដែលអាចកើតមានឡើង ដោយសារសំណង់មិនទាន់មានការអនុញ្ញាត និងមិនទាន់មានការវាយតម្លៃតាមបច្ចេកទេសពីមន្ត្រីជំនាញ។
ឯកឧត្តម ហាក់ សុខមករា បានបញ្ជាក់ថា តាមការពិនិត្យរបស់មន្ទីរជំនាញ សំណង់ទាំងពីរខាងលើនេះ មិនបានស្នើសុំច្បាប់អនុញ្ញាតសាងសង់ពីស្ថាប័ន ឬមន្ទីរជំនាញពាក់ព័ន្ធនោះទេ។ ដូច្នេះ សំណង់ទាំងនេះត្រូវបានចាត់ទុកថា ជាសំណង់ខុសច្បាប់ និងមិនអាចបន្តការសាងសង់បានឡើយ រហូតដល់មានការពិនិត្យ សម្រេច និងផ្តល់មតិយោបល់ពីក្រសួង និងស្ថាប័នពាក់ព័ន្ធជាមុនសិន។
ឯកឧត្តមអភិបាលរងខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកម៉ៅការសំណង់ និងអ្នកវិនិយោគទាំងអស់ ត្រូវគោរពតាមច្បាប់ និងនីតិវិធីជាធរមាន មុននឹងអនុវត្តគម្រោងសាងសង់ផ្សេងៗ ជាពិសេសនៅតំបន់ជាប់មាត់ទន្លេ តំបន់ដីសាធារណៈរបស់រដ្ឋ និងតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ស្ថាប័នរដ្ឋនានា ដើម្បីជៀសវាងការប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ និងការប្រឈមមុខចំពោះវិធានការផ្លូវច្បាប់ជាធរមាន។






