
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៣៦២ លានយ៉េន (ប្រមាណ ៣,៣១លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោង « អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស » ក្នុងឆ្នាំ២០២១ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នាទីស្តីការក្រសួង ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ហិរញ្ញប្បទានឥតសំណងដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ការអភិវឌ្ឍន៍ធនធានមនុស្សនៃកម្ពុជា ក៏ដូចជាជួយពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ៕





