ក្រសួងបរិស្ថាន បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២១នេះ មន្ត្រីឧទ្យានុរក្សបានចុះល្បាតនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ សរុបបានចំនួន ១៤.៤២២លើក ក្នុងនោះបានបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ៤.២៣៨ករណី។






ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្នុងចំណោមបទល្មើសទាំងនោះ បានធ្វើការពិន័យអន្តរការណ៍ចំនួន៥១១ករណី និងបានចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ បានចំនួន៥១៥ករណី ដែលករណីភាគច្រើនទាក់ទងនឹងការទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋក្នុងតំបន់អភិរក្សដោយខុសច្បាប់ ការកាប់បំផ្លាញឈើ ការបរបាញ់សត្វ ជាដើម។ ទិន្នន័យនេះ មានចំនួនប្រហាក់ប្រហែលគ្នា ក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០២០។
ឯកឧត្តម បន្តថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេះ មន្ត្រីឧទ្យានុរក្សបានរឹបអូសរណារ យន្តបានចំនួន២.៤៦២គ្រឿង ដកហូតរថយន្តចំនួន១៨២គ្រឿង គោយន្តចំនួន៣០៨គ្រឿង ម៉ូតូចំនួន៣៣៦គ្រឿង ត្រាក់ទ័រចំនួន២៤គ្រឿង ឈើចំនួន ១.២៦០ម៉ែត្រគូប។ ជាមួយគ្នានេះ មន្ត្រីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិ ក៏បានដោះអន្ទាក់ចំនួន២៥.៥៩៦អន្ទាក់ និងកាំភ្លើងកែច្នៃចំនួន៣៤៨ដើម។
តាមប្រសាសន៍របស់ឯកឧត្តម នេត្រ ភក្ត្រា បានអះអាងថា បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំនៅក្នុងតំបន់ការពារធម្មជាតិ លែងកើតមានទៀតហើយ តែនៅមានបទល្មើសទ្រង់ទ្រាយតូចៗកើតឡើង ដែលសមត្ថកិច្ចក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងបន្តអនុវត្តច្បាប់ដោយការទទួលខុសត្រូវខ្ពស់។
តាមការឱ្យដឹងពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ គឺកាលពីឆ្នាំទៅមានរណារយន្តជាង៦០០គ្រឿង ត្រូវបានរឹបអូសពីបទល្មើសព្រៃឈើនៅជួរភ្នំក្រវាញ ដែលជាព្រៃរងទឹកភ្លៀងចុងក្រោយបង្អស់នៅអាស៊ីអាគ្នេយ៍។ ចំណែក ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២១នេះវិញ ក៏មាន បទល្មើសព្រៃឈើ និងអន្ទាក់ជាង១ម៉ឺនអន្ទាក់ ក៏ត្រូវបានបង្រ្កាបនៅតំបន់ជួរភ្នំក្រវាញ។
បច្ចុប្បន្ន មន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថានចំនួន១.២៦០នាក់ បានសហការជាមួយកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធចុះល្បាត និងទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទាំង៧៥កន្លែង ដែលមានផ្ទៃដីសរុប ៧,៣លានហិកតា៕





