ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២–ការប្រកួតកីឡាអេឡិកត្រូនិកថ្មីមួយលើវិញ្ញាសា Mobile Legend ពានរង្វាន់ T.Y Media E-Champion រដូវកាលទី១ បានបើកឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នៅសាលផ្សារទំនើបអ៊ីអន២ រាជធានីភ្នំពេញ ដោយព្រឹត្តិការណ៍ដ៏ធំមួយនេះត្រូវបានចាត់ទុកថាជាចំណែកដ៏សំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍនធានធានឆ្ពោះទៅគោលដៅស៊ីហ្គេមពីរលើកចំពោះមុខ។
លោក លន់ សាមឌី អគ្គលេខាធិការ សហព័ន្ធកីឡារអេឡិចត្រូនិកកម្ពុជាបានចាត់ទុកថា ពានរង្វាន់ T.Y Media E-Champion រដូវកាលទី១នេះគឺជាព្រឹត្តិការណ៍ដ៏ធំមួយ ក្នុងការជួយជំរុញការអភិវឌ្ឍគុណភាពសមត្ថភាពកីឡាករកាន់តែរីកចម្រើនបន្ថែមទៀត ពីព្រោះថាប្រភេទកីឡាអេឡិចត្រូនិកមានបេសកកម្មធំៗចំនួនពីរចំពោះមុខ គឺត្រៀមចូលរួមប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ នៅប្រទេសវៀតណាម នាខែឧសភា ឆ្នាំ២០២២ និងត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
លោកបន្ថែមថា ការប្រកួតលើវិញ្ញាសា Mobile Legend ពានរង្វាន់ T.Y Media E-Champion គឺវិញ្ញាសាមួយដ៏សំខាន់ដូចវិញ្ញាសាផ្សេងៗទៀតដែរ ក្នុងការបង្កើតឱកាសថ្មីមួយក្នុងការបង្កើនសមត្ថភាពកីឡាករត្រៀមចូលរួមប្រកួតធំៗនាពេលខាងមុខ។ តាមរយៈការប្រកួតនេះ លោកសង្ឃឹមថានឹងរកបាននូវលទ្ធផលល្អប្រសើរ និងទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀត។
លោក ឈុន សំណាង អគ្គនាយកក្រុមហ៊ុនធី វ៉ាយ មេឌា & អ៊ែតវើថាយស៊ីងគូសបញ្ជាក់ថា ការប្រកួតនេះមានរយៈពេល៤ថ្ងៃពីថ្ងៃទី៣១ខែមីនា ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ ដោយមានការចូលរួមសរុបចំនួន ២៥៦ក្រុម។ ដោយលោកមើលឃើញពីចក្ខុវិស័យនៃវិស័យកីឡាអេឡិចត្រូនិកកម្ពុជាកំពុងរីកចម្រើន ជាពិសេសវិញ្ញាសា Mobile Legend នេះត្រៀមដាក់ឱ្យប្រកួត ក្នុងស៊ីហ្គេម លើកទី៣១ នាខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាមផងនោះ ។ ដូច្នេះតាមរយៈការប្រកួតនេះ ក្រុមកីឡាករជម្រើសជាតិកីឡាអេឡិចត្រូនិកកម្ពុជានឹងបង្កើនបានបច្ចេកទេសបន្ថែម សម្រាប់ត្រៀមចូលរួមប្រកួតកីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ រៀងរាល់២ឆ្នាំម្តងនេះផងដែរ។
លោកអគ្គនាយកបន្ថែមថា សម្រាប់ការរៀបចំឆាកប្រកួតគឺមានលក្ខណៈធំស្តង់ដារមួយ ហើយពេលក្រុមជម្រើសជាតិឡើងប្រកួតលើឆាកធំយ៉ាងណា ក៏មិនមានអារម្មណ៍ភិតភ័យដែរ ដោយផ្តោតអារម្មណ៍តែលើការប្រកួតប៉ុណ្ណោះ។ ដូច្នេះលោកជឿថា ក្រុមកម្ពុជានឹងអាចប្រកួតប្រជែងអស់ពីសមត្ថភាព និងដណ្តើមបានលទ្ធផលល្អប្រសើរជាក់ជាមិនខាន។
លោកជឿជាក់យ៉ាងមុតមាំថា ការប្រកួតនេះនឹងជាចំណែកយ៉ាងសំខាន់ក្នុងការជួយដល់ក្រុមជម្រើសជាតិកម្ពុជាមានសមត្ថភាពកាន់តែរឹងមាំ ខណៈចក្ខុវិស័យរបស់លោកខិតខំពង្រឹងការរៀបចំព្រឹត្តិការណ៍ដូចគ្នានេះ នៅរដូវកាលជាបន្តបន្ទាប់ទៀត។ លោករីករាយចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងសហព័ន្ធកីឡាអេឡិត្រូនិកកម្ពុជា ក្នុងការផ្តល់ទំនុកចិត្តដល់ក្រុមហ៊ុនរបស់លោក ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជា។
សូមបញ្ជាក់ថា ការប្រកួតនេះមានប្រាក់រង្វាន់សរុប ១០០លានរៀល ក្នុងនោះចំណាត់ថ្នាក់លេខ១ ទឹកប្រាក់ ៥០ ០០០ ០០០រៀល, លេខ២ ទឹកប្រាក់ ២៥ ០០០ ០០០រៀល, លេខ៣ ទឹកប្រាក់ ១៥ ០០០ ០០០រៀល, លេខ៤ ទឹកប្រាក់ ៤ ០០០ ០០០ រៀល។ លើសពីនេះទៅទៀតក៏មានប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់៤ក្រុមដែលមិនបានទៅវគ្គបន្ត ដោយក្នុង១ក្រុមទទួលបានប្រាក់រង្វាន់ ១ ៥០០ ០០០រៀល៕






