នៅក្នុងជំនួបជាមួយលោកបណ្ឌិត Wordofa Dereje ប្រធានអង្គការកុមារ SOSអន្តរជាតិថ្មី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឯកភាពជាមួយអង្គការ SOS ក្នុងការថែរក្សាកុមារ ដើម្បីឲ្យកុមារចេញទៅមានចំណេះវិជ្ជាអាចរកការ ងារធ្វើ អាចបម្រើការងារ ឬអាចប្រកបអាជីវ កម្មតាមក្តីសុបិនរបស់ពួកគេ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកបណ្ឌិត Wordofa Dereje ប្រធានអង្គការកុមារ SOS អន្តរជាតិថ្មី ចូលជួបសំដែងការគួរ សមនិងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៧ខែមីនាឆ្នាំ ២០២២ នេះ។
តាមឯកឧត្តមអ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានប្រាប់អ្នកសារព័ត៌ មាន ក្រោយបញ្ចប់ជំនួបឲ្យដឹងថា នៅក្នុងជំនួបនេះ លោកប្រធានអង្គការ SOS អន្តរ ជាតិបានគោរពជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ថា លោកពិតជាមានកិត្តិយសជាអនេកដែលបានសម្ដេចតេជោអញ្ជើញចូលរួមជាអធិបតីក្នុងការសម្ពោធដាក់ឲ្យប្រើប្រាស់ភូមិកុមារ SOS នៅព្រៃវែងកាល ពីព្រឹកមិញនេះ។ ប្រធានអង្គការ SOS បានពេញចិត្តចំពោះការថ្លែងសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន អំពីការបារម្ភ និងយកចិត្តទុកដាក់ចំពោះសុខុមាលភាព និងអនាគតរបស់កុមារ។
នៅក្នុងឱកាសនេះ លោកក៏បានគោរពសំដែង នូវការថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ក៏ដូចជារាជរដ្ឋា ភិបាលកម្ពុជា ដែលបានអនុញ្ញាតឲ្យអង្គ ការSOS ធ្វើជាដៃគូកន្លងមក ហើយដៃគូនេះទៀតសោត បានអនុញ្ញាតឲ្យអង្គការ SOS មានដំណើរការកាន់តែខ្លាំងឡើងក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ក្នុងការបំពេញបេសកកម្មជួយដល់កុមារ និងផ្ដល់ជូន កុមារ និងក្រុមគ្រួសារនូវ ក្តីស្រឡាញ់ ការថែទាំ និងជាពិសេសការអប់រំដើម្បីជួយដល់កុមារទាំងនោះឲ្យបានប្រែក្លាយសុបិនរបស់ពួកគេទៅជាការពិត ។ លោកក៏បានប្ដេជ្ញាចំពោះសម្ដេចតេជោ ហ៊ុន សែន ថា អង្គការ SOS នឹងប្រឹងប្រែងបន្តទៀត ដើម្បីជួយដល់កុមារឲ្យកាន់តែច្រើនឡើង ក្នុងការសម្រេចបានក្នុងក្តីសុបិន្តរបស់ពួកគេ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវសេចក្តីរីករាយជាមួយនឹងភាពជាដៃគូ SOS ដែលចំណងទាក់ទង ២០ឆ្នាំមិនមានការថយចុះនេះ បង្ហាញនូវភាពរឹងមាំ ភាពជាដៃគូរបស់អង្គការ SOS និងរាជរដ្ឋាភិបាលកម្ពុជា។ នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានមាន ប្រសាសន៍ថា នៅលើពិភពលោកយើងនេះ មិនមានប្រទេសណារងគ្រោះខ្លាំងជាងគេដូចប្រទេសកម្ពុជានោះទេ ប៉ុន្តែយ៉ាងណា ក៏ដោយ កម្ពុជាមិនអនុញ្ញាតឲ្យកុមារ និងយុវជនកម្ពុជាអត់បាយនោះទេ។ សម្តេចតេជោ បានបញ្ជាក់ថា ការិយាល័យល្អមិន មែនជាអាទិភាពរបស់កម្ពុជា សម្រាប់មន្ត្រីកម្ពុជានោះទេ ប៉ុន្តែជម្រកនិងសេចក្តីត្រូវ ការរបស់កុមារទេ ដែលជាអាទិភាពរបស់កម្ពុជា។ សម្ដេចតេជោ បានឯកភាពជាមួយអង្គការ SOS ក្នុងការថែរក្សាកុមារ ដើម្បីឲ្យកុមារចេញទៅមានចំណេះវិជ្ជាអាចរកការងារធ្វើ អាចបម្រើការងារ ឬអាចប្រកបអាជីវ កម្មតាមក្តីសុបិនរបស់ពួកគេ៕





