នៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកោះសូទិន ព្រមទាំងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានឃុំមហាខ្ញូង បានចាត់តាំង ឯកឧត្តម ជ្រីម ឆេងលីម ទីប្រឹក្សា និងជាអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងក្រុមការងារចុះជួយឃុំមហាខ្ញូង នាំយកអាវរងារ និងកន្សែងបង់ក ដើម្បីចែកជូនចាស់ជរា ចំនួន១០០នាក់ ដែលស្ថិតនៅក្នុងមូលដ្ឋានឃុំមហាខ្ញូង តាមការអនុសាសន៍រំលឹករបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយគោរពតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះផងដែរ ក្រុមកាងារចុះជួយឃុំមហាខ្ញូង ក៏បាននាំយក អាវពេទ្យចំនួន ២០អាវ ដើម្បីផ្ដល់ជូនមណ្ឌលសុខភាពឃុំមហាខ្ញូង និងបាននាំយកសៀវភៅរបស់ក្រសួងព័ត៌មាន ស្ដីពី “សកម្មភាពក្រសួងព័ត៌មានចូលរួមក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩” និងសៀវភៅកំណាព្យ “កម្រងផ្កាហុងដាសេតសង់” ដើម្បីតម្កល់ទុកនៅសាលាឃុំមហាខ្ញូង និងមណ្ឌលសុខភាពឃុំមហាខ្ញូង ។









