ចេញផ្សាយថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ដោយគង់ សុខហេង
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃច័ន្ទ ១០កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹង ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ដោយមានការយកចិត្តទុកដាក់ និងការណែនាំផ្ទាល់ពី ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកជំទាវ អ៊ុច និពន្ធ អគ្គនាយិកានៃអគ្គនាយកដ្ឋានរដ្ឋបាល និងបណ្តឹង និងលោកជំទាវ ឆាំ ម៉ារី អគ្គនាយិកានៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស បានធ្វើការសម្របសម្រួលនាំយកសម្ភារៈចាំបាច់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនជូនដល់ស្ត្រីជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី២ ដែលទើបសម្រាលកូនខ្ចីរួច តាមរយៈក្រុមការងាររបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រួមមាន ឯកឧត្តម ប៊ុត ផល្លា សមាជិក និងជាប្រធាននាយកដ្ឋានស៊ើបអង្កេត និងលោក អ៊ឹម ម៉ានិត អនុប្រធាននាយកដ្ឋានស៊ើបអង្កេត។

ក្រុមការងារបានចុះធ្វើការងារនេះដោយផ្ទាល់ជាមួយមណ្ឌលអប់រំកែប្រែទី២(ម២) ក្នុងការនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគ.ស.ម.ក រួមមាន ទឹកដោះគោ និងសម្ភារៈប្រើប្រាស់ចាំបាច់សម្រាប់ទារិកា និងម្តាយ ជូនដល់ស្ត្រីជាជនជាប់ឃុំរូបនេះ ដែលកំពុងជួបការលំបាកក្នុងការថែទាំកូន និងខ្វះទឹកដោះបំបៅ។






