ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានថ្លៃងថា ការស្នើសុំអង្គការយូនីស្កូ ដាក់តំបន់ប្រាសាទកោះកេរ ចូលក្នុងជាបេតិកភណ្ឌពិភពលោក អាចនឹងអង្គការយូណេស្កូ បើកកិច្ចប្រជុំប្រកាសលទ្ធផលសម្រេចនៅក្នុងខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ខណ:ដែលអាជ្ញាធរជាតិព្រះវិហារ កំពុងយកចិត្ដទុកដាក់ខ្ពស់ ក្នុងការអភិរក្សនិងអភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរនោះ។
លោកជំទាវសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: មានប្រសាសន៍បន្ទាប់ពីបញ្ចប់កិច្ចប្រជុំអាស៊ីស៊ីព្រះវិហារ កាលពីល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះថា កិច្ចប្រជុំអាស៊ីស៊ីព្រះវិហានេះ បានធ្វើបទបង្ហាញជាច្រើន ពីតំបន់រណីយដ្ឋានប្រាសាទកោះកេរ ដើម្បីឱ្យអង្គការយូណេស្កូវាយតម្លៃលើការអភិរក្ស និងអភិវឌ្ឍន៍ ដែលអាជ្ញាធរជាតិព្រះវិហារ បានអនុវត្ដកន្លងមក។ ប្រាសាទដែលបានធ្វើបទបង្ហាញនោះ ការងារអភិរក្សប្រាសាទដងទង់ ប្រាសាទតាមែន ប្រាសាទធំ ប្រាសាទចិន ប្រាសាទក្រចាប់ និងប្រាសាទអណ្ដូងគុក ក្នុងតំបន់បេតិកភណ្ឌប្រាសាទកោះកេរ។ ការងារកំណាយបុរាណនៅប្រាសាទថ្មបាយក្រៀម ប្រាសាទក្រចាប់ និងប្រាសាទចិន ក្នុងតំបន់បេតិកភណ្ឌប្រាសាទកោះកេរ។លោកជំទាវ បានបន្ដថា អង្គការយូណេស្កូ គ្រោងនឹងប្រកាសលទ្ធផលសម្រេចនៅក្នុងខែមិថុនាខាងមុខនេះ ឬលើសបន្ដិចបន្ដួច អាស្រ័យលើអង្គការយូណេស្កូ ប៉ុន្ដែស្ថិតនៅឆ្នាំ២០២២នេះ។ ជាមួយគ្នានោះដែរ លោកជំទាវ បានបញ្ជាក់ថា ក្រសួងវប្បធម៌នឹងធ្វើពិធីខួប១៥ឆ្នាំ នៃការដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅខែធ្នូឆ្នាំ២០២៣ខាងមុខផងដែរ ដើម្បីយ៉ាងណាឱ្យប្រាសាទព្រះវិហារ កាន់មានភាពរន្ទឺសាកសមជាបេតិកភណ្ឌអន្ដរជាតិ។
សូមរំលឹកថា ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានបញ្ជូនឯកសារ ស្នើសុំចុះបញ្ជីតំបន់ប្រាសាទកោះកេរ ទៅអង្គការយូណេស្កូរួចហើយ កាលពីខែមករា ឆ្នាំ២០២១។ តំបន់ប្រាសាទកោះកេរ ដែលស្នើទៅអង្គការយូណេស្កូ មានផ្ទៃដីទំហំជាង ៨,៧០០ហិកតា ស្ថិតនៅឃុំស្រយ៉ង់ ក្នុងស្រុកគូលែន ដោយគ្របដណ្ដប់ភូមិ៣ គឺភូមិរំចេក ភូមិកោះកេរ និងភូមិស្រយង់ជើង នៃខេត្តព្រះវិហារ។ ដោយឡែកប្រាសាទព្រះវិហារ ត្រូវបានចុះបញ្ជីចូលក្នុងបេតិកភណ្ឌពិភពលោកកាលពីឆ្នាំ២០០៨៕






