ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានបញ្ជាក់ថាខេត្តកោះកុងមានតំបន់សក្តានុពលជាច្រើន ចាំស្វាគមន៍ដល់ភ្ញៀវទេសចរមកលេងកម្សាន្ត ដើម្បីស្រូបយកខ្យល់អាកាសល្អបរិសុទ្ធនិងភាពសប្បាយ រីករាយជាមួយនឹងសម្រស់ធម្មជាតិដ៏ស្រស់បំព្រងខៀវ ស្រងាត់។
លោក សុខ ចន្ទគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្ត កោះកុងបានឱ្យដឹងថា ខេត្ត កោះកុង ជាខេត្តមួយដែលសម្បូរទៅដោយរមណីយដ្ឋានជាច្រើន សម្រាប់ទាក់ទាញភ្ញៀវទេសចរ ដែលមកលេងកម្សាន្តមិនចាញ់បណ្តាខេត្តដទៃនោះឡើយ។ លោកបានបន្តថា បច្ចុប្បន្ននេះ លោកកត់សម្គាល់ឃើញថា មានភ្ញៀវទេសចរបានមកលេងកម្សាន្ត តាមបណ្តារមណីយ ដ្ឋានជាបន្តបន្ទាប់ គឺមានលក្ខណៈល្អប្រសើរជាងមុន ដោយសារតែមានការបើកឱ្យដំណើរការឡើងវិញ នូវការដើរលេងនៅតាមតំបន់រមណី យដ្ឋានទេសចរណ៍នៅទូទាំងប្រទេសតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកបានបន្តទៀតថា នៅខេត្តកោះកុង មានតំបន់រមណីយដ្ឋានជាច្រើនដូចជា ៖ទឹកធ្លាក់តាតៃ,កោះស្តេច,ឆ្នេរនេសាទ ,ឆ្នេរផ្កាយ៧, ពាមក្រសោប (ព្រៃកោង),ឆ្នេរបារាំង ,ភ្នំម្រេចកង្កែបអារ៉ែង , ទឹកធ្លាក់ជីផាត ,កោះស្រឡៅ និងឆ្នេរកោះកុងក្រៅ ។
រមណីយដ្ឋានដែលយើងសម្បូរ គឺយើងចាប់ផ្ដើមចេញពីស្រែអំបិលមក ពីភ្នំពេញយើងចូលស្រែអំបិល ក៏មានតំបន់រមណីយដ្ឋានដែរ គឺតំបន់តំបន់រមណីយដ្ឋានឆ្នេរនិងភ្នំ គឺយើងមានស្ទឹងពពក យើងមានឆ្នេរកោងកាង យើងមានឆ្នេរនេសាទ ហើយទន្ទឹមនឹងនោះទៀតនៅតាមដងព្រែក ស្រែអំបិលក៏មានអណ្តើកហ្លួង ចេញពីហ្នឹងមក ក៏យើងមានតំបន់សហគមន៍ជីផាតអារ៉ែង ហើយក៏មានតំបន់រមណីយដ្ឋានតារាសាគរ និងតំបន់កោះស្ដេច ដែលជាតំបន់ឆ្នេរ ដែលមានផ្កាថ្ម មានការស្ទូចត្រីនៅតាមឆ្នេរកម្សាន្ត ឆ្នេរសស្អាត ហើយទន្ទឹមនឹងនេះចូលមកដល់ខាងតាតៃ តាមព្រៃតាតៃ ពាមក្រសោប និងខាងស្រុកមណ្ឌលសីមា យើងមានតំបន់រមណីយដ្ឋានបុរាណ ដូចជាចេតិយឃុនឆាង ជាទីសក្ការបូជារបស់ពលរដ្ឋនៅក្នុងខេត្ត ជាតំបន់ស័ក្ដិសិទ្ធិមួយ ហើយក៏មានមឈូសបុរាណ ដែលមានអាយុជាង៥០០ឆ្នាំដែរ នៅតំបន់ជីផាតនិងអារ៉ែងនេះហើយ។
លោកប្រធានមន្ទីរ ក៏បានអំពាវនាវដល់ម្ចាស់សេវាកម្ម ដែលបម្រើដល់វិស័យទេសចរណ៍ទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នក្នុងការថែរក្សាអនាម័យ ជាពិសេសនោះគឺការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីឱ្យភ្ញៀវទេសចរដែលគាត់មកលេងកម្សាន្តមានភាពកក់ក្តៅ សុវត្ថិភាព និងសប្បាយរីករាយមក ម្ដងហើយចង់មកម្តងទៀត៕






