ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ក្នុងកិច្ចប្រជុំពិនិត្យ និងជំរុញ ការចាក់វ៉ាក់ សាំងជំងឺកូវីដ-១៩ កាលពីព្រឹកថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២២ បានជំរុញឱ្យអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ក្នុងខេត្ត បន្តធ្វើការណែនាំដល់ប្រជាពលរដ្ឋឱ្យមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ចំនួន ដូសនិងគ្រប់ៗគ្នា។

នៅក្នុងកិច្ចប្រជុំនោះឯកឧត្តមអភិបាលខេត្តក្រចេះ បានជំរុញដល់អាជ្ញាធរស្រុក ក្រុង ឃុំ សង្កាត់ទាំងអស់ ត្រូវពិនិត្យ និងផ្សព្វផ្សាយដល់មូលដ្ឋានប្រជាពលរដ្ឋឱ្យចូល រួមចាក់វ៉ាក់ សាំងបានគ្រប់ដូសគ្រប់ៗគ្នា ព្រមទាំងធ្វើផែនការថ្មីសម្រាប់យុទ្ធនាការនេះ ហើយកងកម្លាំង មានសមត្ថកិច្ចទាំងអស់ ត្រូវចូលរួមសម្របសម្រួលរក្សាឱ្យបានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋដែលមកទទួលវ៉ាក់សាំង និងក្រុមគ្រូពេទ្យដែល កំពុងបម្រើការក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះឱ្យបានល្អបំផុត។
ឯកឧត្តម វ៉ា ថន បានសង្កត់ធ្ងន់ថា យុទ្ធនាការចាក់វ៉ាសាំងទៅតាមដូសនៅពេលនេះ គឺដើម្បីបន្ថែមប្រព័ន្ធការពារប្រឆាំងជំងឺកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង និងដើម្បីឱ្យដំណើរការចូល រៀនឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ប្រកបដោយសុវត្ថិភាព និងមានទំនុក ចិត្តក្នុងការរៀន បង្រៀន ព្រមទាំងទំនុកចិត្តពីអាណាព្យា បាលសិស្សផងដែរ។ អ្វីដែលកាន់តែ ពិសេសនោះ រាជរដ្ឋាភិបាលកម្ពុជានឹងផ្តល់វ៉ាក់សាំងដូសជំរុញទី៤ ទៅតាមបណ្តាខេត្តចាក់ជូន មន្រ្តីរាជការ និងកម្លាំងជួរមុខទាំងអស់ ដើម្បីបន្ថែមប្រព័ន្ធការពារក្នុងការបំពេញតួនាទីភារកិច្ច ជាអ្នកផ្តល់និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលខេត្តក្រចេះក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលដែលមានសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ សម្តេចតែងតែគិតគូរខ្ពស់ ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងបានខិតខំជម្នះរាល់ឧបសគ្គទាំងឡាយក្នុងការ ការពារទប់ស្កាត់ការរីករាលដាល់ជំងឺកូវីដ-១៩ តាមរយៈការចាក់ស្រោចវ៉ាក់សាំងឱ្យបាន គ្រប់ទិសទីទាំងអស់នៅទូទាំងប្រទេស៕





