ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរខេត្តមណ្ឌលគិរី និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់(Sinovac)ជូនដល់ប្រជាពលរដ្ឋចំនួន១២,០០០នាក់ នៅស្រុកកែវសីមា បន្ទាប់ពីទទួលបាននូវវ៉ាក់សាំងចំនួន ១ម៉ឺន២ពាន់ដូស ពីរាជរដ្ឋាភិបាល។ ការចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋរស់នៅស្រុកកែវសីមានេះ ខណៈដែលនៅតាមបណ្តាក្រុង/ស្រុកមួយចំនួនក្នុងខេត្តនៅតែបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ជាប្រចាំថ្ងៃ។









ក្នុងឱកាសចុះពិនិត្យមើលការចាក់វ៉ាក់សាំង និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅសាលាស្រុកកែវសីមា នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ក្រោយពីទទួលបាននូវវ៉ាក់សាំងការពារ ជំងឺកូវីដ១៩ចំនួន១២.០០០ដូសពីរាជរដ្ឋាភិបាល ក្នុងវគ្គទី៣នេះអាជ្ញាធរខេត្ត ចាប់ផ្ដើមចាក់ដល់ពលរដ្ឋរស់នៅក្នុងឃុំចំនួន៣គឺឃុំស្រែខ្ទុម ឃុំស្រែព្រះ និងឃុំស្រែឈូក ក្នុងស្រុកកែវសីមាជាមុនសិន ហើយជាបន្ទាប់ទៀត នឹងចាក់ជូនពលរដ្ឋនៅក្រុង/ស្រុក ចំនួន២ទៀត មានស្រុក ពេជ្រាដា និងក្រុងសែនមនោរម្យ។
ឯកឧត្តមបន្តថា សម្រាប់ដំណើរការចាក់នាពេលនេះ គឺមានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត/ស្រុក មន្ត្រីជំនាញ អាជ្ញាធរស្រុក រួមទាំងសមត្ថកិច្ច បានសហការគ្នាត្រួតពិនិត្យធ្វើការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ឲ្យមានលក្ខណៈល្អប្រសើរ ដើម្បីឲ្យ ការចាក់វ៉ាក់សាំងសម្រេចបានតាមផែនការ។ ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទទួលបានវ៉ាក់សាំងទាំងអស់ ត្រូវអនុវត្តតាមការណែនាំរបស់មន្ត្រីសុខាភិបាល ពាក់ព័ន្ធនឹងការតម ឬអនុវត្តវិធានការ ៣កុំ ៣ការពារ ដោយមិនត្រូវមានការធ្វេសប្រហែស នោះទេ។
តាមការលើកឡើងរបស់លោក គីមសៀន បញ្ញា ប្រធានក្រុមឆ្លើយតបបន្ទាន់ជំងឺឆ្លង និងជាអនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងលើកដំបូង ជូនប្រជាពលរដ្ឋនៅស្រុកកែវសីមា មានអ្នកបានចុះឈ្មោះ ចាប់ពីអាយុ ១៨-៥៩ឆ្នាំ មានចំនួន ៦៣០នាក់ ស្រី ២៨៧នាក់ អ្នកទទួលបានចាក់វ៉ាក់សាំងចំនួន ៦២២នាក់ ស្រី ២៨២នាក់ និងអ្នកមិនអាចចាក់វ៉ាក់សាំងចំនួន ០៨នាក់ ស្រី ០៥នាក់។ ដោយឡែក មនុស្សចាស់ អាយុ ៦០ឆ្នាំ បានចុះឈ្មោះ សរុបចំនួន ៣៤នាក់ ស្រី ១៧នាក់ បានទទួលការចាក់វ៉ាក់សាំងទាំងអស់។
សូមបញ្ជាក់ថា ខេត្តមណ្ឌលគិរី ក៏បានអនុវត្តការចាក់វ៉ាក់សាំងបង្ការវីរុសកូវីដ១៩ជូនដល់មន្ត្រីរាជការ កងកម្លាំង អ្នកមានអាទិភាព រួមទាំងគ្រួសារអតីតយុទ្ធជន ប្រជាពលរដ្ឋចំនួនពីរវគ្គផងដែរ ដោយវគ្គទី១ ប្រើវ៉ាក់សាំងប្រភេទ Sinopham ចាក់ជូនប្រជាពលរដ្ឋចំនួន ២,៨៥៨នាក់ ស្រី ១,០១៧នាក់ ចំណែកវគ្គទី២ ប្រើវ៉ាក់សាំងប្រភេទ Sinovac ចាក់ជូនប្រជាពលរដ្ឋចំនួន ៣,៤៨៧នាក់ ស្រី១,៤៨៧នាក់ ហើយសរុបទាំងពីរវគ្គ មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ ក្នុងខេត្តមណ្ឌលគិរី ដែលបានចាក់វ៉ាក់សាំងរួចរាល់ទាំងពីរលើក មានចំនួន ៦,៣៤៥នាក់ ស្រី២,៥០៥នាក់៕





