ខេត្តរតនគិរី ៖ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ នៅសាលាខេត្តរតនគិរី បានធ្វើតេស្តសំណាកដើម្បីរកមេរោគកូវីដ-១៩ មន្ត្រីរាជការនៅសាលាខេត្ត។

ការធ្វើតេស្តនេះធ្វើឡើងដោយមូលហេតុកន្លងមកនៅក្នុងខេត្តមានករណីផ្ទុះរលកចម្លងសហគមន៍ទ្រង់ទ្រាយធំ មិនធ្លាប់មានក្រោយពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈកន្លងមក និងមានអ្នកឆ្លងរហូតជាង១០០នាក់។ ការធ្វើតេស្តនេះក៏ដោយសារតែរលកចម្លងកន្លងមកមានទំហំធំ និងដើម្បីបញ្ជាក់ថាមន្ត្រីរាជការទាំងអស់គ្មានវិជ្ជមានកូវីដ-១៩ និងមិនចម្លងទៅអ្នកដ៏ទៃក្នុងអង្គភាព និងតាមរយៈការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ក្នុងស្ថានភាពនេះដែរ រដ្ឋបាលខេត្តក៏បានចេញសេចក្តីណែនាំ ដោយកាត់បន្ថយចំនួនបុគ្គលិកបំពេញការងារប្រចាំថ្ងៃ និងបែបបទនីតិវិធីមួយចំនួន សំដៅរក្សាបាននូវសុវត្ថិភាពការងារ។ លទ្ធផលនាព្រឹកមិញនេះ បានធ្វើតេស្តលើមន្ត្រីប្រមាណជាង ៩៥% ពុំមានករណីវិជ្ជមានកូវីដ-១៩ លើមន្ត្រីរូបណាមួយឡើយ។






