រាជធានីភ្នំពេញ ៖ នាថ្ងៃសៅរ៍ ១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងប្រៃសណីយ៍និងទូគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម សម្រាប់បញ្ជាទិញឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test)។
ដើម្បីពន្លឿន ផ្តល់ភាពងាយស្រួល និងសម្របសម្រួលដល់ការចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ក្រសួងប្រៃសណីយ៍និងទូគមនាគមន៍ បានបង្កើតប្រប័ន្ធស្វ័យប្រវត្តិកម្ម សម្រាប់បញ្ជាទិញឧបករណ៍តេស្តរហ័ស បន្ថែមលើយន្តការដែលមានស្រាប់។ តាមរយៈប្រព័ន្ធនេះ អ្នកដាក់សំណើរបញ្ជាទិញនឹងទទួលបានព័ត៌មានអំពីការបញ្ជាទិញបរិមាណអាចទិញបាន របៀបនៃការទូទាត់ និងកាលបរិច្ឆេទមកទទួលឧបករណ៍ តាមរយៈតេឡេក្រាម Bot ដោយស្វ័យប្រវត្តិ។






