ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ ក្នុងអាណត្តិទី៧ នៃសមាគមមិត្តដើម្បីមិត្ត ដែលបានរៀបចំឡើង នៅសាលាគរុកោសល្យ និងវិក្រិដ្ឋការខេត្តកណ្ដាល ។
សូមបញ្ជាក់ថា សមាគមមិត្តដើម្បីមិត្តបានកំណត់គោលដៅច្បាស់លាស់របស់ខ្លួនគឺចូលរួមពង្រឹងពង្រីកសាមគ្គីភាពដ៏ទូលំទូលាយ នៅក្នុងសង្គមជាតិដោយគ្មានការើសអើង និងចូលរួមលើកកម្ពស់ការថែរក្សាការពារសុខសន្តិភាព នៃប្រទេសជាតិដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់មនុស្សជាតិគ្រប់រូប ដោយចៀសវាងមិនធ្វើសកម្មភាពបម្រើផលប្រយោជន៍ឱ្យគណបក្សនយោបាយណាមួយឡើយ។
សមាគមមិត្តដើម្បីមិត្តបានចាប់បដិសន្ធិនៅថ្ងៃទី ២៦ ខែកុម្ភៈឆ្នាំ ២០០៦ តាមលិខិតអនុញ្ញាតរបស់ក្រសួងមហា ផ្ទៃលេខ ១២៩៥ សជណ ចុះថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០០៥ ។ គិតមកទល់ឆ្នាំ ២០២៥នេះ សមាគមបានដំណើរការអស់រយៈពេល ២០ ឆ្នាំកន្លងមកហើយ បានប្រារព្ធសន្និបាតប្រចាំឆ្នាំជារៀងរាល់ឆ្នាំ និងបានប្រារព្ធសន្និបាតប្រចាំអាណត្តិក្នុងរយៈពេល ៣ ឆ្នាំម្តង។ បច្ចុប្បន្ននេះ សមាគមមានសមាជិកសរុបចំនួន ៥៣៥ នាក់ក្នុងនោះស្ត្រី ១០៧ នាក់ អាយុក្រោម ៦០ ឆ្នាំ ៥៦ ភាគរយ និងអាយុលើសពី ៦០ ឆ្នាំ ៤៤ ភាគរយ។ ក្នុងចំណោមសមាជិកទាំង ៥៣៥ នាក់មាន៖ មន្ត្រីចូលនិវត្តន៍ ២១១នាក់ មន្រ្តីរាជការកំពុងបំពេញការងារ ១៩៤នាក់ និងជាអាជីវករ-កីឡករ-តន្ត្រីករ ១៣០នាក់។






