វត្តព្រះព្រហ្មរ័ត្នជាអារាមមួយដ៏ចំណាស់ ដែលស្ថិតនៅតាមដងស្ទឹងសៀមរាបផ្នែក ខាងលិច ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។ នៅក្នុង អារាមមួយនេះដែរ គេឃើញមានសំណង់កុដិឈើវ័យ ចំណាស់ពីរខ្នង សង់ខ្ពស់ផុតពីដីដំបូល ប្រក់ក្បឿង ដែលមានទម្រង់ស្ថាបត្យកម្មពីរផ្សេងគ្នា មួយជាទម្រង់កុដិដំបូលខ្មែរ និងមួយ ទៀតជាទម្រង់កុដិប៉ិត។ ស្ថាបត្យកម្មទាំងពីរនេះត្រូវបានសាងសង់ ក្នុងដំណាក់កាលពីរផ្សេង គ្នា កុដិដែលមានដំបូលខ្មែរឬនិងត្រូវបានសាងសង់ក្នុងអំឡុងទស្សវត្សរ៍ឆ្នាំ១៩៤០ ហើយកុដិ ដែលមានដំបូលប៉ិតត្រូវបានសាងសង់ក្នុងអំឡុងទស្សវត្សរ៍១៩៥០។ (នេះបើយោង តាមបន្ទូល របស់ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះគ្រូចៅអធិការវត្តរាជបូណ៍ ក្នុងក្រុង សៀមរាប)។
យោងតាមអត្ថបទរបស់នាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅឋានក្នុងឧទ្យាន អង្គរនៃអាជ្ញាធរជាតិអប្សរាបានវាយតម្លៃថា ស្ថាបត្យកម្មនៃសំណង់ឈើនេះ មានគុណតម្លៃដ៏ ពិសិដ្ឋ និងយ៉ាងល្អឯក ទាំងរូបរាង បច្ចេកទេស និងភាពប្រណិតនៃសិល្បៈ ដែលស្តែងឡើង តាមរយៈស្ថាបត្យកម្មមួយនេះ។ បច្ចុប្បន្នសំណង់ទាំងពីរនេះ មានសភាពចាស់ទ្រុឌទ្រោម យ៉ាងខ្លាំង ដោយហេតុអាយុកាលផង គុណភាពនៃសំណង់ មួយផ្នែកផង និងមានការបំផ្លាញ ដោយសត្វល្អិតផង។ តែដោយស្មារតីចង់រក្សាឱ្យបាននូវគុណតម្លៃនៃស្ថាបត្យកម្មមួយនេះអ្នក បច្ចេកទេសរបស់អាជ្ញាធរជាតិអប្សរា នឹងខិតខំប្រឹងប្រែងក្នុងការសង្រ្គោះ សំណង់ឈើនេះ ដោយប្រើបច្ចេកទេសនិងសម្ភារដូចដើមទាំងស្រុង ធ្វើយ៉ាងណាឱ្យសំណង់នេះស្ថិតស្ថេរ តទៅមុខទៀត ព្រោះថាការបាត់បង់នូវសំណង់ឈើ មួយនេះ មិនត្រឹមតែបាត់បង់នូវរូបរាងនៃ សំណង់នោះទេ គឺថាបច្ចេកទេសនៃការសាងសង់សំណង់ឈើ ដូចជាការភ្ជាប់គ្រឿងបង្គុំរវាង ឈើនិងឈើ ភាពប៉ិនប្រសប់ក្នុងវិស័យសិល្បៈ ជំនឿទំនៀមទម្លាប់មួយចំនួនទៀតដែល ទាំង នេះត្រូវបានស្តែងឡើងតាមរយៈសំណង់ឈើនេះ នឹងត្រូវបាត់បង់ទៅជាមួយជាក់ជាពុំខាន។
យោងតាមអត្ថបទដដែលបានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាបានដាក់ក្តីសង្ឃឹមជឿ ជាក់យ៉ាងមុតមាំថា សំណង់ឈើមួយនេះ ក្រោយពីការជួសជុលរួចរាល់ និងបានបំពេញ តួនាទីរបស់ខ្លួនបន្តទៅទៀត និងរក្សាបាននូវគុណតម្លៃដូចបានជម្រាបជូនខាងលើ ដើម្បីជា ប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ ក៏ដូចជាការសិក្សារៀនសូត្រដល់អ្នកដែលមានបំណង ឈ្វេងយល់នៃសំណង់ឈើជាក់ជាពុំខាន។ ម្យ៉ាងទៀត ក៏ជាចំណែកមួយដ៏សំខាន់ក្នុងការ រក្សានូវមរតកពីបុរាណ ព្រមទាំងអាចទាក់ទាញចំណាប់អារម្មណ៍របស់ទេសចរមកទស្សនា ឈ្វេងយល់បន្ថែម ក្រៅពីសំណង់ប្រាសាទបុរាណរបស់យើងផងដែរ៕





