មណ្ឌលគិរី៖ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ មិនត្រឹមតែចូលរួមលើកកម្ពស់សុខុមាល ភាពរបស់ប្រជាពលរដ្ឋ និងទេសចរប៉ុណ្ណោះទេ ថែមទាំងចូលរួមកាត់បន្ថយឱកាសនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ថែមទៀត តាមរយៈការយកដៃមិនស្អាតទៅប៉ះមាត់នៅពេលជក់បារី និងការខូចខាតសួតដោយសារផ្សែងបារី ។
ថ្លែងក្នុងពិធីបើកសិក្ខាសាលា និងពិធីចែកពានស្តីពីបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ដំណាក់កាលកូវីដ-១៩ នៅសាលប្រជុំអគារក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ហោ សារុន បានបន្តថា ការរៀបចំសិក្ខាសាលានេះឡើង ក្នុងការជួយលើកកម្ពស់ការយល់ដឹង និងលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ផ្នែកទាំងអស់ ដើម្បីការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ ការពារ និងទប់ស្កាត់ការរងនូវផ្សែងផលិតផលថ្នាំជក់ ដែលបង្កឱ្យមានហានិភ័យសុខភាពដល់អ្នកនៅជុំវិញ និងកាត់បន្ថយផល ប៉ះពាល់ដល់សុខភាព សេដ្ឋកិច្ចសង្គមនិងបរិស្ថានដែលបណ្តាល មកពីផលិតផលថ្នាំជក់។
សិក្ខាសាលានេះ ជាការ ផ្សព្វផ្សាយ និងជំរុញការអនុវត្តន៍ ច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តនានា ពិសេស សេចក្តីណែនាំស្តីពីបរិស្ថានគ្មានផ្សែងបារីដល់ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ទូទាំងប្រទេសកម្ពុជា។
ឯកឧត្តម បញ្ជាក់ថា ក្រសួងទេសចរណ៍ បានរៀបចំឯកសារ ដើម្បីគាំទ្រដល់គោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ ដែលបានទទួលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ រួមមាន៖ ទី១ ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិកូវីដ-១៩ ទី២. ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ទី៣. ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២១-២០៣៥ និងទី៤. កំពុងរៀបចំបញ្ចប់ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ឆ្នាំ២០២២-២០៣៥។
ឯកឧត្តម បានអំពាវនាវដល់ថ្នាក់ដឹកនាំខេត្ត ស្រុកក្រុង ឃុំសង្កាត់ មន្ត្រីរាជការក្នុងខេត្ត ផ្នែកឯកជន នៃវិស័យទេសចរណ៍ អង្គការជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមអនុវត្តសេចក្ដីណែនាំស្តីពីបរិស្ថានគ្មានផ្សែងបារី ដល់ម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ទូទាំងប្រទេស ឱ្យបានជោគជ័យ និងកាន់តែមាន ប្រសិទ្ធភាព។
លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី បានថ្លែងអំណរ គុណដល់ក្រសួងទេសចរណ៍ ដែលបានរៀបចំកម្មវិធីនេះឡើង ក្នុងការជួយជំរុញបន្ថែមដល់វិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ក្នុងខេត្តមណ្ឌលគិរី ឈានទៅរកសេវាកម្មកាន់តែល្អប្រសើរបន្ថែមទៀត។ លោកស្រី បានកោតសរសើរដល់ម្ចាស់អាជីវកម្មមួយចំនួន ដែលអនុវត្តបានយ៉ាងល្អ តាមរយៈការចុះវាយតម្លៃ ទទួលបានពាននាថ្ងៃនេះ និងបានជំរុញឱ្យមានការចូលរួមជួយផ្សព្វផ្សាយបន្តទៀត ព្រមទាំងណែនាំដល់ម្ចាស់អាជីវកម្មទាំងអស់ ត្រូវធ្វើច្បាប់សុំដំណើរការ ធ្វើអាជីវកម្ម និងចូលរួមអនុវត្តតាមការណែនាំ ស្ដីពីបរិស្ថានគ្មានផ្សែងបារីគ្រប់កន្លែងទាំងអស់ ទាំងកន្លែងធ្វើការរដ្ឋ និងឯកជន។
លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ក្រុមការងារក្រសួង និងមន្ទីរទេសចរណ៍ខេត្ត បានចុះត្រួតពិនិត្យវាយតម្លៃរួមគ្នា នៅតាមសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានមួយចំនួន ដែលមានមូលដ្ឋាននៅក្នុងខេត្តមណ្ឌលគិរីចំនួន ៦០កន្លែង។ជាលទ្ធផលក្នុងចំណោម សណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋាន ភោជនីយដ្ឋានសរុបចំនួន២០ កន្លែង ដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តន៍បរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ដំណាក់កាលកូវីដ-១៩នេះ៕






