ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធបន្តពង្រឹងការត្រួតពិនិត្យសារធាតុគីមីផ្សំដែលនាំចូលមកប្រើប្រាស់ក្នុងប្រទេសកម្ពុជា ។
ឯកឧត្ដម មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងយន្តការអន្តរក្រសួងត្រួតពិនិត្យសារធាតុគីមីផ្សំនៅក្នុងព្រះរាជាណាចក្រកម្ពុជា កាលពី ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នៅអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រីដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន អង្គភាពជាសមាជិក អន្តរក្រសួងត្រួតពិនិត្យគីមីផ្សំគ្រឿងញៀន ។
ជាមួយនឹងការកោតសសើរនិងអរគុណដល់ក្រសួង ស្ថាប័ន អង្គភាព ដែលបានបង្ហាញពីកិច្ចខិតខំរបស់ខ្លួនក្នុងការចូលរួមត្រួតពិនិត្យគ្រឿងញៀន ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានបន្តដាក់ចេញនូវការណែនាំមួយចំនួន៖ ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធនិងរាជធានី-ខេត្តទាំងអស់មានដូចជា: អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលេខាធិការដ្ឋានយុទ្ធនាការរៀបចំផែនការឱ្យបានឆាប់ ក្នុងនោះត្រូវរំលេចនូវការងារភូមិឃុំសង្កា ត់ ស គ្មានគ្រឿងញៀន ការងារត្រួតពិនិត្យសារធាតុ គីមីផ្សំ នៅតាមបណ្តាទីតាំងពាក់ព័ន្ធនានា ការសម្អាតប្រាក់ និងប្រភពហិរញ្ញវត្ថុពាក់ព័ន្ធនឹងករណីគ្រឿងញៀនធំៗ និងរៀបចំឯកសារបទដ្ឋានគតិយុត្ត និងផ្សព្វផ្សាយ ពាក់ព័ន្ធ យន្តការ រចនាសម្ព័ន្ធ លក្ខខណ្ឌនានាដល់អ្នកពាក់ព័ន្ធពិសេសរោងចក្រ សហគ្រាស ដែលប្រើប្រាស់សារធាតុគីមី ។ ល។
សូមបញ្ជាក់ថា ថ្មីៗនេះកម្ពុជាបង្ក្រាបទីតាំងផលិតគ្រឿងញៀនបានពីរករណីធំៗគឺ មួយករណីនៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងមួយករណីទៀតនៅភូមិរោងគោ ឃុំសំរោង ស្រុកសំរោង ខេត្តកំពង់ស្ពឺ ។
តាមរបាយការណ៍ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរយៈពេល៩ខែ ឆ្នាំ២០២១នេះ កម្ពុជាបាននាំ ចូលសារធាតុពាក់ព័ន្ធសរុបចំនួនប្រមាណជាង២៣ ០១៦ តោន ៕






