រាជធានីភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២១)ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៦៨ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ នាវេលាព្រឹកថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅវិមានឯករាជ្យ។
ព្រះរាជពិធីផ្លូវការនៃទិវាបុណ្យឯករាជ្យជាតិលើកទី៦៨នេះ គឺមានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ត្រីព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្រ្តីរាជការ យុវជន យុវតី សិស្សានុសិស្ស និងមហាជនជាច្រើនទៀត។
ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕







