ខេត្តស្ទឹងត្រែង ៖ ពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម ស្វាយ សំអ៊ាង ជាអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ នៅសាលាខេត្តស្ទឹងត្រែង។


ក្នុងពិធីប្រកាសចូលកាន់មុខតំណែង សម្តេចក្រឡាហោម សខេងឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា អភិបាលខេត្តចូលកាន់តំណែងថ្មី ត្រូវពិនិត្យមើលគ្រប់កិច្ចការរងារស្នូល នៃការជំរុញឱ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យ នៅក្នុងខេត្តហើយប្រឹងប្រែងអនុវត្តឱ្យមានផលប្រយោជន៍ធានាដល់ការបម្រើជីវភាព រស់នៅរបស់ប្រជាពលរដ្ឋពីទីក្រុងទៅដល់មូលដ្ឋាន។
សម្តេចក្រឡាហោម ឧបនាយរដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា៖ គោលដៅទាំងនេះ អភិបាលខេត្តត្រូវរួមគ្នាជាមួយគណៈក្រុមប្រឹក្សាខេត្តបង្កើនការបំពេញការងារជូនប្រជាពលរដ្ឋ និងត្រូវពិនិត្យមើលភាពអសកម្មរបស់មេភូមិ, ស្មៀន, មេឃុំ, ចៅសង្កាត់ និងមន្ត្រីប៉ុស្តិ៍រដ្ឋបាល ដាស់តឿនណែនាំឱ្យធ្វើការងារបម្រើប្រជាពលរដ្ឋមានតម្លាភាពល្អ។
ឯកឧត្តមស្វាយសំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍ប្តេជ្ញា ប្រតិបត្តិតាមការណែនាំរបស់សម្តេចក្រឡាហោមនិងប្រមុខរាជរដ្ឋាភិបាល ឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងពេលដែលព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានត្រាសបង្គាប់ផ្ទេរភារកិច្ចជូនឱ្យបន្តបម្រើប្រជាពលរដ្ឋ ជាអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងនេះ។
ឯកឧត្តម មានប្រសាសន៍ទៀតថា៖ ទាំងកិច្ចការងារគ្រប់គ្រង ការងារអភិវឌ្ឍន៍លើគ្រប់វិស័យ ការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ឯកឧត្ដមនឹងខិតខំប្រមូលកម្លាំងសាមគ្គីគ្នាឱ្យបានល្អ ចាប់ពីថ្នាក់ខេត្តរហូលដល់មូលដ្ខាន នាំគ្នាបំពេញកាតព្វកិច្ច បម្រើប្រជាពលរដ្ឋ ប្រកបដោយតម្លាភាពនិងមិនរើសអើង។
សូមបញ្ជាក់ថា ឯកឧត្តម ម៉ុម សារឿន អតីតអភិបាលខេត្តស្ទឹងត្រែងត្រូវបានផ្ទេរចេញទៅបំពេញការងារជាអនុរដ្ឋលេខាធិកា ក្រសួងមហាផ្ទៃ និងចូលកាន់តំណែងជំនួស ដោយឯកឧត្តម ស្វាយ សំអ៊ាង អតីតអភិបាលខេត្តមណ្ឌលគីរី មកជាអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែងវិញ តាមព្រះរាជក្រឹត្យចុះថ្ងៃទី៣០ខែ កញ្ញាឆ្នាំ២០២១ របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕





