ខេត្តព្រះវិហារ ៖ នារសៀលថ្ងៃសៅរ៍ ទី០២ ខែតុលា ឆ្នាំ២០២១នេះ ក្រុមការងារយុវជនគណបក្សក្រុងព្រះវិហារ បានរៀបចំពិធី សំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សក្រុង និងប្រកាសអនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត ចុះជួយក្រុងព្រះវិហារ ក្រោមអធិបតីភាពឯកឧត្ដមឈឿន មុនី អនុប្រធានក្រុមការងារជំនួយការឲ្យថ្នាក់កណ្តាល ឯកឧត្តម មុត ភិសិទ្ធនា ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយក្រុងព្រះវិហារ ឯកឧត្ដម អ៊ុក គឹមសាន ប្រធានក្រុមការងារយុវជនគណបក្សខេត្ត ដែលមានការអញ្ជើញចូលរួមពីសំណាក់ ប្រធាន



គណៈកម្មាធិកាគណបក្សក្រុង ក្រុមការងារយុវជនគណបក្សក្រុង ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ ក្រុមការងារគណបក្សសង្កាត់ និងសកម្មជន យុវជនគណបក្សភូមិ ផងដែរ ។
បន្ទាប់ពីអានសេចក្តីសម្រេចស្តីពីការចាត់តាំងអនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត ចុះជួយក្រុងព្រះវិហារ និង ការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់អនុប្រធានក្រុមការងារយុវជនទើបតែងតាំងថ្មីរួចមក ឯកឧត្តមអ៊ុក គឹម សាន ប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានកោត សរសើរចំពោះក្រុមការងារយុវជនគណបក្សក្រុង ដែលតែងតែចូលរួមគ្រប់សកម្មភាពក្នុងការចុះជួយ បងប្អូនប្រជាពលរដ្ឋ និងចូលរួមផ្សព្វផ្សាយដល់យុវជន ឲ្យមានឱកាសជួបជុំគ្នា និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ជាពិសេសពង្រឹងធ្លុងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងយុវជននៅគ្រប់បណ្តាថ្នាក់ ។
មានមតិសំណេះសំណាល ឯកឧត្តម មុត ភិសិទ្ធនា ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយក្រុងព្រះវិហារ បានក្រើនរំឭកដល់អនុប្រធានយុវជនគណបក្សខេត្ត ចុះជួយក្រុងព្រះវិហារទើបតែងតាំងថ្មីត្រូវធ្វើយ៉ាងណាគោរពឲ្យបាននូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គោរពទៅតាមគោលនយោបាយរបស់គណបក្ស ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន ជួយសម្របសម្រួលដល់យុវជនគណបក្សក្រុងព្រះវិហារ ទាំងធនធាន សម្ភារព្រមទាំងថវិកា និងជួយសម្របសម្រួលដល់យុវជនគណបក្សក្រុង ក្នុងការអូសទាញយុវជនផ្សេងទៀតឲ្យងាកមកគាំទ្រនូវគោល នយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីធានាឲ្យបាននូវជោគជ័យសម្រាប់ការបោះឆ្នោត ឃុំ-សង្កាត់អាណតិ្តទី៥ នៅឆ្នាំ២០២២ នាពេលខាងមុខ និងបន្តយកជ័យជំនះសម្រាប់ការបោះឆ្នោតជាតិក្នុងអាណត្តិប្រាំឆ្នាំម្តង ។
មានប្រសាសន៍ផ្តាំផ្ញើនាឱកាស នោះ ឯកឧត្តម ឈឿន មុនី អនុប្រធានក្រុមការងារជំនួយការឲ្យថ្នាក់កណ្តាល បានណែនាំឱ្យក្រុមការងារយុវជនគ្រប់បណ្តាថ្នាក់ពង្រឹងឡើងវិញនូវរចនាសម្ព័ន្ធដឹកនាំ ការរៀបចំផែនការសកម្មភាពការងារ ការពង្រឹង និងពង្រីកសមាជិកបក្សជាយុវជន ការបញ្ចូលសមាជិកបក្សថ្មីជាយុវជន និងការបណ្តុះបណ្តាលសមាជិកបក្ស ដើម្បីឈានទៅបង្កើនសមាជិកបក្សទាំងបរិមាណ និងគុណភាព ស្របតាមគោលការណ៍របស់គណបក្សគឺ រក្សាចាស់បង្កើនថ្មី និងសមាជិកបក្សម្នាក់សន្លឹកឆ្នោត១សន្លឹក ឱ្យគណបក្សទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតគ្រប់អាណត្តិទាំងអស់ ជាពិសេសឆ្នាំ២០២២-២០២៣ ខាងមុខនេះ ដើម្បីទុកលទ្ធភាពជូនសម្តេចតេជោបន្តធ្វើជានាយករដ្ឋមន្រ្តីបន្តទៀត ដឹកនាំប្រទេសឱ្យទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ថ្មីៗបន្ថែមទៀត ៕





