កោះកុងពិតជាមិនធម្មតាមែន មានបុគ្គលមួយចំនួនកំពុងតែបូមខ្សាច់ ចាក់លុបនៅឆ្នេរសមុទ្រ លុបព្រៃកោងកាង បំបាត់នៅមច្ឆាជាតិ និងជីវៈចម្រុះ ដោយពុំមានការភ្ញាក់ផ្អើលដល់មន្ត្រីពាក់ព័ន្ធក្នុងខេត្តឡើយ។ឬក៏មន្ត្រីទាំងនោះបានត្រូវថ្នាំសណ្ដំអស់ទៅហើយ ទីតាំងនៅឆ្នេនេសាទ ភូមិជ្រូយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង
ខេត្តកោះកុងអាចចាត់ទុកជាខេត្តមួយលេចធ្លោរជាងគេក្នុងចំណោមខេត្តទាំងឡាយនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលតែងតែមានបញ្ហាមិនឈប់ឈរ មិនចំពោះថា បញ្ហាវិវាទដីធ្លី បញ្ហារំលោភបំពានច្បាប់ ការបំផ្លិចបំផ្លាញធម្មជាតិ មានការកាប់ព្រៃឈើ ការកាប់ឆ្ការព្រៃកោងកាងទន្ទ្រានយកដី យកឆ្នេរសមុទ្រធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងបក្សពួក ។ បញ្ហាមិនចេះអស់មិនចេះហើយទាំងឡាយរាប់មិនឈ្នះនេះតែងតែបង្កឲ្យមតិសាធារណជនខ្មែរភ្ញាក់ផ្អើល និងមានប្រតិកម្មជំទាស់ ព្រមទាំងចោទជាសំនួរអំពីករណីកិច្ច និងកាតព្វកិច្ចរបស់អាជ្ញាធរថ្នាក់ក្រោមជាតិខេត្តនេះ ដែលហាក់បីដូចជាមិនសូវសកម្ម និងមានតម្លាភាពនៅក្នុងការអនុវត្តន៍ច្បាប់ជាតិ ។ ចុងក្រោយនេះ អ្វីដែលយើងចាប់អារម្មណ៍ជាពិសេស គឺការរំលោភយកចំណីសមុទ្រ និងព្រៃកោងកាង ស្ថិតនៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ដោយមានអ្នកមានលុយកាក់ និងអំណាចម្នាក់ បូមខ្សាច់រំលោភចូលចំណីសមុទ្រនិងព្រៃកោងការ នៅត្រង់ចំណុចភូមិឃុំខាងលើ ។ រំលោភចូលចំណីសមុទ្រ ក្លាយទៅជាទ្រង់ទ្រាយធំ នេះបើពិនិត្យមើលទៅតាមទំហំ និងល្បឿននៃការងារដែលកំពុងតែសកម្មនាបច្ចុប្បន្នកាលនេះ ។ គេអាចសន្និដ្ឋានថាជាគម្រោងលំនៅឋានមាត់សមុទ្រ និងដីឯកជនសម្រាប់ធ្វើអាជីវកម្មផ្ទាល់ខ្លួន ។ ក្រុមការងាររបស់សារពត៌មានយើង បានព្យាយាមស្វែងរកឈ្មោះម្ចាស់ដីដើម្បីចង់ទទួលបានអំពីទិសដៅនៃគម្រោងដ៏ធំនេះផង ព្រមទាំងលក្ខណ:គតិយុត្តដែលក្រសួងរៀបចំដែនដីផ្តល់ការអនុញ្ញាតឲ្យបូមខ្សាច់លុបព្រៃកោងកាង លុបដៃសមុទ្រ ប៉ុន្តែយើងមិនទទួលបានចម្លើយសមស្របឡើយ ។

សូមអនុញ្ញាតជម្រាបជូនប្រិយមិត្តអ្នកតាមដានសារព័ត៌មានយើង បើយោងតាមខ្លឹមសារ និងស្មារតីនៃសារាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ៖ ០១ សរណន ចុះថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០១២ ស្តីពីការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ការកាន់កាប់ជាកម្មសិទ្ធិឯកជន និងសំណង់រឹងមាំដូចជម្រាបជូនមកពីខាងលើមិនអាចត្រូវបានអនុញ្ញាតឡើយ ។
ករណីនេះមិនអាចព្រងើយកន្តើយ និងមិនយកចិត្តទុកដាក់បានឡើយ ពីព្រោះថា គឺជាការរំលោភបំពានទៅលើសារាចរណែនាំរបស់រាជរដ្ឋាភិបាលទាំងស្រុង ព្រមជាមួយគ្នានោះដែរ គឺភាពអសកម្មរបស់មន្ត្រីចំពោះកិច្ចមូលដ្ឋាន មានអភិបាលនៃគណ:អភិបាលក្រុង អភិបាលនៃគណ:អភិបាលខេត្តកោះកុង ប្រធានមន្ទីររៀបចំដែនដី ប្រធានមន្ទីរកសិកម្ម ប្រធានមន្ទីរបរិស្ថាន ប្រធានមន្ទីរទេសចរណ៍ ។ល។និង។ល។ ដែលមិនមានប្រតិកម្មចំពោះការដ្ឋានមួយដែលចាប់ផ្តើមតាំងតែពីច្រើនខែឆ្នាំមកហើយ ។
យើងសង្ឃឹមថា ពត៌មានដែលយើងលាតត្រដាងនេះមានសារ:សំខាន់ចំពោះប្រិយមិត្តអ្នកតាមដានសារព័ត៌មានយើង ហើយយើងនឹងផ្សាយបន្តជូនលម្អិតអំពីករណីខាងលើនេះនៅពេលឆាប់ៗ ខាងមុខនេះ ។និងមានតទៅទៀត។






