ថ្នាក់ដឹកនាំ រដ្ឋបាលខេត្តកណ្តាល បានរៀបចំ ពិធីទទួលទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី ជាបុត្រីទី៣ នៃកបិលមហាព្រហ្ម ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ឈានចូល ព.ស.២៥៧០ គ.ស.២០២៦
ដែលយាងចុះមក វេលាម៉ោង ១០ និង ៤៨ នាទី ថ្ងៃទី ១៤ មេសា នេះ ស្ថិតនៅសួនច្បារ មាត់ទន្លេបាសាក់ ក្រុងតាខ្មៅ។ ពិធីបានប្រព្រឹត្តិទៅ ក្រោមអធិបតីភាព ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ឯកឧត្ដម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រមទាំងមន្រ្តីរាជការ ជុំវិញខេត្ត អាជ្ញាធរ ក្រុងតាខ្មៅ។
ពិធីទទួលទេវតាឆ្នាំថ្មី រដ្ឋបាលខេត្តកណ្ដាលក៏បានរៀបចំសម្ដែងរបាំត្រុដិដេីម្បីសុភមង្គលដល់មនុស្សគ្រប់រូប និងបណ្តេញឧបទ្រពចង្រៃចេញពីផ្ទះ ពីភូមិស្រុករបស់បងប្អូនប្រជាពលរដ្ឋយើងផងដែរ ព្រមទាំងរបាំជូនពរ និងមានការរៀបចំនូវពលិការ(គ្រឿងសក្ការបូជា) ថ្វាយព្រះរតនត្រ័យ ដើម្បីសូមពរជ័យសព្វសាធុការ សិរីសួស្តី និងវិបុលសុខ ជូនដល់គ្រប់ក្រុមគ្រួសារខ្មែរ ។
ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាថ្ងៃ ១៤ ខែមេសា ឆ្នាំ២០២៦នេះរដ្ឋបាលខេត្តកណ្ដាល សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិ សិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មីព្រះនាម “រាក្យសាទេវី ”សូមតាមជួយបីបាច់ថែរក្សាការពារ និងប្រទាននូវសព្ទសាធុការពរ បវរមហាប្រសើរ សិរីសួស្តី ជ័យមង្គល វិបុលសុខ ដល់នាយទាហាន ពលទាហាន និងក្រុមគ្រួសារ ព្រមទាំងជនរួមជាតិខ្មែរទាំងមូល សូមសមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ បញ្ញាញាណវាងវៃ រកសុីទទួលទានមានបានគ្រប់ក្រុមគ្រួសារ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។






