ខេត្តកណ្តាល៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់វីរយុទ្ធជនដែលបានលះបង់ដើម្បីបុព្វហេតុជាតិមាតុភូមិ សមាគមអតីតយុទ្ធជនកម្ពុជា បានរៀបចំពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍របស់សមាគម អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនដល់បងប្អូនអតីតយុទ្ធជន ខេត្តកណ្តាលយើង ចំនួន ៥០ គ្រួសារ ដើម្បីទៅរស់នៅ លើទីតាំងដីសម្បទានសង្គមកិច្ចថ្មី ស្ថិតនៅភូមិអូរ កាឌុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នៅសាលាខេត្តកណ្តាល។
ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម ផារ៉ា មង្គល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។ក្នុងដំណើរការនៃការចាប់ឆ្នោតត្រូវបានធ្វើឡើងយ៉ាងមានសណ្តាប់ធ្នាប់ និងតម្លាភាពបំផុត ដើម្បីធានាថាគ្រួសារអតីតយុទ្ធជននីមួយៗទទួលបានទីតាំងដី និងផ្ទះដោយយុត្តិធម៌ និងគ្មានការរើសអើង។
មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានថ្លែងថា៖ សមាជិកសមាជិកការរបស់យើងមានសេចក្តីត្រូវការរហូតជាង១០០គ្រួសារ តែក្រោមកិច្ចខិតខំប្រឹងប្រែងយើងដោះស្រាយបាន៥០គ្រួសារចំពោះមុខដែលយើងនឹងធ្វើពិធីចាប់ឆ្នោតនាពេលនេះ ថ្វីត្បិតតែប្រទេសរបស់យើងកំពុងប្រឈមមុខជាមួយការឈ្លៀនពានរបស់ថៃ និងសភាពការណ៍ផ្សេងៗទៀតបានឆ្លុះបញ្ចាំងអោយឃើញថានេះជាការគិតគូររបស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជារបស់យើង។
ឯកឧត្តមអភិបាលខេត្តបានបន្តថា៖ទឹកចិត្តរបស់ថ្នាក់ដឹកនាំតែងនៅជាប់ជានិច្ចជាមួយអតីតយុទ្ធជនរបស់យើង។ថ្ងៃនេះបងប្អូនទាំង៥០គ្រួសារ ទទួលបានដីឡូត៍នឹងផ្ទះដែលត្រូវចែក ដែលមានទំហំ៧០ម៉ែត្រគុណនឹង១៥០ម៉ែត្រ សម្រាប់អតីតយុទ្ធជនដែលចេញពីខេត្តកណ្តាលរបស់យើងដែលក្រុមការងារបានបោះបង្គោលព្រំច្បាស់លាស់និងមានលេខក្បាលដី។
ឯកឧត្តមបានបន្ថែមថា៖ការផ្ដល់ដី និងផ្ទះនេះ មិនមែនគ្រាន់តែជាការផ្ដល់ទីជម្រកប៉ុណ្ណោះទេ ប៉ុន្តែគឺជាការតបស្នងសងគុណចំពោះគុណបំណាច់ដ៏ថ្លៃថ្លារបស់អតីតយុទ្ធជន និងសូមខិតខំបង្កបង្កើនផលដើម្បីជីវភាពរបស់នៅប្រចាំថ្ងៃ។
ឯកឧត្តមបានលើកទឹកចិត្តដល់បងប្អូន សូមបន្តរួមសុខរួមទុក្ខនឹងគ្នា និងរក្សាស្មារតីជួយយកអាសាគ្នាទៅវិញទៅមក ព្រមទាំងចូលរួមសហការជាមួយ អាជ្ញាធរមូលដ្ឋាន ស្រុកសាមគ្គីមានជ័យ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ស្របតាមគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»។
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម ផារ៉ា មង្គល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា៖ដើម្បីអោយមានយុត្តិធម៌ តម្លាភាព ទើបយើងធ្វើពិធីចាប់ឆ្នោតនេះឡើងដើម្បីអ៊ុ ពូ មីង មានសិទ្ធស្មើគ្នា ការផ្តល់លំនៅឋាននេះមិនមែនគ្រាន់តែផ្តល់តំបូលផ្ទះប៉ុណ្ណោះទេប៉ុន្តែគឺជាកិត្តិយសសេចក្តីថ្លៃថ្នូររបស់អ៊ុ ពូ មីង អតីតយុទ្ធជនដែលធ្លាប់កាន់អាវុធការពារជាតិ។ឯកឧត្តមសង្ឃឹមថា អ៊ុ ពូ មីង និងមានភាពសប្បាយរីករាយ ជាពិសេសត្រៀមខ្លួនទៅរស់នៅបង្កើតមុខរបរអោយបានកាន់តែប្រសើររុងរឿង។តាងនាមក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ យើងនឹងបន្តសហការជាមួយអាជ្ញាធរខេត្ត ដើម្បីរៀបចំនិតិវិធីជាបន្តបន្ទាប់ នៅពេលបានផ្ទះ បានដី សូម អ៊ុ ពូ មីង ថែរក្សាអោយបានគង់វង្សយូរអង្វែងព្រោះវាកើតចេញពីការលះបង់របស់ពូ មីង។
បើតាមរបាយការណ៍របស់ឯកឧត្តម នៃ និយម អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការ អ.ន.ក ខេត្តកណ្តាលបានបញ្ជាក់ថា៖ កន្លងមក សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកណ្តាល បានទទួលដីសម្បទាន សង្គមកិច្ច និងផ្ទះ របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនគ្រួសារអតីតយុទ្ធជនជា សមាជិក អ.ន.ក ចំនួន ០៧គ្រួសារ ក្នុងនោះ ទៅរស់នៅខេត្តឧត្តរមានជ័យ ០៣គ្រួសារ, ខេត្តកំពង់ឆ្នាំង ០២គ្រួសារ, ខេត្តស្វាយរៀង ០២គ្រួសារ។ដោយឡែកក្នុងឆ្នាំ២០២៦ សមាគមបានទទួលដីសម្បទានសង្គមកិច្ច និងផ្ទះ របស់សមាគម អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ចំនួន ៥០គ្រួសារ ស្ថិតនៅភូមិអូរកាឌុប ឃុំក្រាំងល្វា ស្រុក សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលកំពុងរៀបចំពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ នាពេលនេះ៕






