ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល រួមជាមួយអាជ្ញាធរក្រុងតាខ្មៅ បានអមដំណើរឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ ក្នុងភូមិសាស្ត្រ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មានប្រសាសន៍ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំដល់ក្រុមការងារបច្ចេកទេស និងក្រុមហ៊ុនដែលកំពុងសាងសង់ ត្រូវយកចិត្តទុកដាក់សាងសង់ប្រកបដោយគុណភាព ស្តង់ដារបច្ចេកទេស និងត្រូវឱ្យរួចរាល់តាមផែនការដែលបានកំណត់។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើសុំការយោគយល់ និងអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅទាំងមូល ពិសេសបងប្អូនប្រជាពលរដ្ឋដែលឆ្លងកាត់ ព្រោះនៅពេលការដ្ឋានកំពុងសាងសង់ បានធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ការប្រកបរបររកស៊ីប្រចាំថ្ងៃ និងបង្កផលប៉ះពាល់ក្នុងការរស់នៅប្រចាំថ្ងៃ ប៉ុន្តែនៅពេលការដ្ឋាននេះបានសាងសង់រួចហើយ នោះក្រុងតាខ្មៅនឹងលើកនូវសោភ័ណភាពស្អាត បញ្ហាបង្ហូរទឹកកខ្វក់ចូលក្នុងស្ទឹងឬទន្លេនឹងលែងមានទៀតហើយសម្រាប់ក្រុងតាខ្មៅរបស់យើង។
បើតាមមន្ត្រីបច្ចេកទេសដែលកំពុងអនុវត្តគម្រោងនេះបានឱ្យដឹងថា៖ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្លោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ប្រភពឥណទានមូលនិធិនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្រោមឥណទានសម្បទានពីធនាគារនីហរ័ណ-អាហរ័ណរបស់សាធារណរដ្ឋកូរ៉េ ដោយមានប្រព័ន្ធលូបង្ហូរ និងចម្លោះទឹកកខ្វក់ជាប្រព័ន្ធញែកដោយឡែក រវាងទឹកភ្លៀង និងទឹកកខ្វក់ ហើយតំបន់ទទួលបានសេវាគ្របដណ្តប់ ចំនួន៥សង្កាត់ ក្នុងក្រុងតាខ្មៅ រួមមាន៖ សង្កាត់កំពង់សំណាញ់ សង្កាត់តាក្ដុល សង្កាត់តាខ្មៅ សង្កាត់ព្រែកហូរ និងសង្កាត់ព្រែកឫស្សី។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់មានសមត្ថភាពចម្លោះ ១៨០០០ម៣/ថ្ងៃ តាមវិធីសាស្ត្រអាងចម្លោះតាមបែបធម្មជាតិ។ បណ្តាញលូទឹកកខ្វក់ប្រវែងសរុប ១២៥.៣គីឡូម៉ែត្រ គម្រោងនេះគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៧ខាមុខនេះ។






