នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា បានបើកកិច្ចប្រជុំរបស់ខ្លួនក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. នៅមជ្ឈមណ្ឌលម៉ានី អគារ The KAMPUS។ មានវត្តមានក្នុងកិច្ចប្រជុំនេះរួមមាន ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ ដោយចូលរួមផ្ទាល់ និងតាមប្រព័ន្ធនិម្មិត ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងលេខាធិការដ្ឋាន និងនាយកដ្ឋានជំនាញ ជាច្រើនរូបទៀត។
កិច្ចប្រជុំបានពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗចំនួន២ និងទទួលបានការចូលរួមបញ្ចេញមតិយោបល់យ៉ាងផុសផុល លើឯកសារផែនទីបង្ហាញផ្លូវ ស.ស.យ.ក. ២.០(UYFC 2.0) ឆ្ពោះទៅឆ្នាំ២០២៨ និងការពង្រឹងរចនាសម្ព័ន្ធស.ស.យ.ក. ឃុំ/សង្កាត់ផងដែរ។
គួរបញ្ជាក់ផងដែរថា គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ស.ស.យ.ក. តែងតែធ្វើការប្រជុំជាទៀងទាត់ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈ សំខាន់ៗ ជាពិសេសលើការតាមដាន និងអនុវត្តផែនការយុទ្ធសាស្រ្ត «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨»។







