កំពង់ស្ពឺ៖នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំនាយទាហាន នាយទាហានរង រៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មី ក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិអន្លង់គង់ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្នុងពិធីនេះដែរ មានការអញ្ជើញនិមន្តយាងពីព្រះតេជគុណ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តមលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ឯកឧត្តមអ្នកតំណាងរាស្ត្រ ចុះមូលដ្ឋានខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ លោកវរសេនីយ៍ ប្រតិភូរអមដំណើរមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោមេបញ្ជាការយោធភូមិភាគទី៣ លោកឧត្តមសេនីយ៍មេបញ្ជាការ កងរាជអាវុធហត្ថរាជធានី-ខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកឧត្តមសេនីយ៍ អគ្គានុរក្សប្រធានពន្ធនាគារខេត្ត លោកឧត្តមសេនីយ៍អតីត ជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង-ស្រុក នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ និវត្តន៍ជន នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងភ្ងៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករថែមទៀតផង។
តាមប្រសាសន៍ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ថ្ងៃនេះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ មានសេចក្តីសោមនស្សរីករាយដ៏ ឧត្តុង្គឧត្តមប្រសើរក្រៃលែង ដែលបានចាត់តាំងរៀបចំ ប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មី ដែលប្រព្រឹត្តទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ហើយលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានបន្តទៀតថាទីតាំងរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចាស់ មានលក្ខណៈនិងស្ថានភាពតូចចង្អៀត មិនអនុគ្រោះឆ្លើយតបទៅនិងសំណូមពរសេចក្តីត្រូវការទាំងចំពោះមុខ និងយូរអង្វែងស្របតាមការវិវត្តន៍រីកចម្រើនរបស់កងរាជអាវុធហត្ថបានឡើយ ទើបសម្រេចស្នើរសុំជ្រើសរើសយកទីតាំងថ្មី ដែលមានភាពអនុគ្រោះអំណោយផលនេះ ដើម្បីឆ្លើយតបនឹងសំណូមពរ ធានាដល់ការអនុវត្តតួនាទី-ភារកិច្ច របស់កងរាជអាវុធហត្ថ ស្របតាមបរិបទក្នុងពេលបច្ចុប្បន្ននិងការវិវត្តន៍ រីកចម្រើនឆ្ពោះទៅអនាគត ព្រោះទីតាំងថ្មីនេះមានស្ថានភាពសម្រាប់ការរៀបចំដល់ហេថារចនាសម្ព័ន្ធស្របតាមរចនាសម្ព័ន្ធចាត់តាំងថ្មី របស់កងរាជអាវុធហត្ថ។ចំពោះគម្រោងនៃការសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មីនេះ រួមមាន ៣ដំណាក់កាល.
-ដំណាក់កាលទី១ ដោយសារភូមិសាស្រ្តទីតាំងក្នុងទីជម្រៅ ត្រូវបានចាក់បំពេញដីអោយស្មើនិងថ្នល់ជាតិ
-ដំណាក់កាលទី២ សាងសង់អគារស្នាក់នៅ មានកម្ពស់៤ជាន់ ទទឹង៩ម៉ែត្រ និងបណ្តោយ៥៦ម៉ែត្រ
-ដំណាក់កាលទី៣ សាងសង់អគារជំនាញនគរបាលយុត្តិធម៌ អគារបដិសណ្ឋារកិច្ច ឃ្លាំងសម្ភារៈ ភស្តុភារ-បច្ចេកទេស រោងដាក់រថយន្ត ប៉ុស្តិ៍យាម និង ហេដ្ឋរចនាសម្ព័ន្ធផ្សេងៗទៀត ដោយគ្រោងចំណាយថវិកាសរុបប្រមាណ ៤លានដុល្លារសហរដ្ឋអាមេរិក ដែលនឹងលិចចេញជារូបរាងឡើង និងបានក្លាយជាទីតាំងប្រវត្តិសាស្ត្រថ្មី សម្រាប់កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺផងដែរ។
ថ្លែងក្នុងអង្គពិធី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានសម្តែងនូវការអបអសាទរយ៉ាងក្រៃលេងចំពោះ បើកការដ្ឋានសាងសង់អគារបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មី ហើយក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ ដែលបានលះបង់ និងខិតខំប្រឹងប្រែង ចំពោះការបំពេញតួនាទី-ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋនាពេលកន្លងមក។ជាពិរសេសក្នុងការ កសាង រៀបចំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាក្នុងបរិវេណទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។និងបានបន្តជំរុញឱ្យកងកម្លាំងទាំងអស់បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាពសង្គមឱ្យបានរឹងមាំ ដើម្បីរួមចំណែកថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រួមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ សូមលំឪនកាយគោរពថ្លែងអំណរគុណនិងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តម គណៈអធិបតី ឯកឧត្តមលោកឧកញ៉ា ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សប្បុរសជន និងភ្ងៀវកិត្តិយស ដែលបានចូលរួម និងរួមចំណែកជួយឧបត្ថម្ភជាថវិការ និងសម្ភារៈជួយទ្រទ្រង់កិច្ចដំណើរការ ការសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សូមប្រសិទ្ធិពរជ័យ និងគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងចៅស្រីជាទីស្រលាញ់ ជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមគោរពជូនពរ បរវសួស្តី សិរីមង្គល ជូនចំពោះ ឯកឧត្តម គណៈអធិបតី ប្រតិភូអមដំណើរ និងភ្លៀវកិត្តិយសទាំងអស់ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គល ក្នុងក្រុមគ្រួសារ កុំបីឃ្លៀងឃ្លាតឡើយ៕






