តាកែវ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ ២០២៦នេះ រដ្ឋបាលខេត្តតាកែវ បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាលស្រុកបាទីថ្មី ក្រោមអធិបតីភាព ឯកឧត្តម យស់ ណាស៊ី ប្រធានក្រុម ប្រឹក្សាខេត្ត និង ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រីអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ ក្រុមប្រឹក្សាក្រុង អាជ្ញាធរមូលដ្ឋាន និងតំណាងលោកគ្រូអ្នកគ្រូជាច្រើនរូបផងដែរ ។
យោងតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាល លោក សាយ វណ្ណៈ ដែលអតីតជាអភិបាលរងស្រុកត្រាំកក់ ត្រូវបានផ្លាស់ប្តូរភារកិច្ចឱ្យមកកាន់តំណែងជា អភិបាលស្រុកបាទី ជំនួស លោក ភួន ឈឹម ដែលត្រូវផ្ទេរភារកិច្ចទៅកាន់តំណែងជា អភិបាល ស្រុកកោះអណ្ដែត។
ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានថ្លែងនូវការកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំស្រុកនាពេលកន្លងមក។ទន្ទឹមនឹងការអបអរ សាទរ ចំពោះលោកអភិបាលស្រុកថ្មី ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អភិបាលស្រុកថ្មី ព្រមទាំងមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ត្រូវរួមសហការគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ និងសង្គមឱ្យបានរឹងមាំ ដែលជាគ្រឹះនៃការអភិវឌ្ឍ។
លោក សាយ វណ្ណៈ អភិបាលស្រុកបាទីដែលទើបតែងតាំងថ្មី ក៏បានថ្លែងការប្តេជ្ញាចិត្តយ៉ាងមុតមាំ នឹងខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីបម្រើជាតិ និងប្រជាពលរដ្ឋក្នុងស្រុកបាទី ឱ្យស្របតាមការទុកចិត្តរបស់ថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលកម្ពុជា៕






