កាលពីថ្ងៃទី១ ខែមិនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីជួបជុំ អាហារសាមគ្គី និងពិភាក្សាស្ដីពីការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាមួយសិល្បករ សិល្បការិនី ក្រុមអ្នកបង្កើតមាតិកាលើបណ្ដាញសង្គម នៅអគារវឌ្ឍនៈ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អ្នក លោកឧកញ៉ា លោក លោកស្រី សិល្បករ សិល្បការិនី និងអ្នកបង្កើតមាតិកាជាច្រើនរូបផងដែរ។
ជាកិច្ចចាប់ផ្ដើមនៃកម្មវិធី អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន ប្រ៊ូវើរី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ក៏ដូចជាក្រុមសិល្បៈករ សិល្បការិនី ដែលបានផ្ដល់ឱកាសឱ្យមានការរៀបចំពិធីពិសារ អាហារសាមគ្គីនេះឡើង និងបានផ្ដល់ជាឱកាសចូលរួមជាចំណែកមួយក្នុងការរៀបចំព្រឹត្តិការណ៍នានា។
នាឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណដល់ សិល្បករ សិល្បការិនី ដែលចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ និងលើកតម្កើនពីវប្បធម៌ អរិយាធម៌ខ្មែរតាមរយៈព្រឹត្តិការណ៍នានា ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បន្ថែមទៀតថា ការរៀបចំនេះឡើងគឺជាឱកាសបង្កើតឱ្យមានភាពស្និតស្នាល ដល់សិល្បករ សិល្បការិនី និងអ្នកមានឥទ្ធិពលលើបណ្ដាញសង្គម ឱ្យបន្ដចូលរួមសហការ ផ្ដល់ការគាំទ្រដល់ស.ស.យ.ក. ក្នុងការរៀបចំព្រឹត្តិការណ៍ ដែលផ្ដោតការលើកកតម្កើងវប្បធម៌ អរិយធម៌ខ្មែរ ឱ្យកាន់តែផុសផុលបន្ថែម។
សូមជម្រាបថា កម្មវិធីនេះ ក៏មានបទបង្ហាញរបស់ ឯកឧត្តម សុខ សប្បាយណា និង ឯកឧត្តម គង់ សុលីយ៉ា ស្ដីអំពីផែនការសកម្មភាព និងគម្រោងនានាដែល ស.ស.យ.ក. គ្រោងនឹងរៀបចំ ឆ្ពោះទៅកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នាពេលខាងមុខ។ ក្នុងនោះក៏បានរំលេចផងដែរថា រាល់ព្រឹត្តិការណ៍ និងការជួបជុំ ដែលរៀបចំឡើងដោយ ស.ស.យ.ក.តែងតែផ្សារភ្ជាប់ជានិច្ចជាមួយវីរភាព និងការលះបង់របស់វីរៈកងទ័ព ក្នុងបុព្វហេតុការពារឯករាជ្យ អធិបតេយ្យភាព និងសន្តិភាពជូនប្រទេសជាតិ។







